The Board of Engineers Cambodia tries to narrow the gap of qualification among national and ASEAN engineers.គណៈវិស្វករកម្ពុជាព្យាយាមកាត់បន្ថយគំលាតគុណវុឌ្ឃិ៍ពីក្នុងបណ្តាវិស្វករជាតិនិងវិស្វករអាស៊ាន៕
Feedback

អំពីស្ថាប័ន

សេចក្តីផ្តើុម
ប្រវត្តិសង្ខេប
ចក្ខុវិស័យ
បេសកកម្ម
សារៈប្រយោជន៍
តួនាទី និងភារកិច្ច
រចនាសម្ព័ន្ធស្ថាប័ន
ក្រុមប្រឹក្សាគ.វិ.ក
និតីវិធីនៃការចុះបញ្ជី

ជាទូទៅវិស្វករមានតួនាទីមួយយ៉ាងសំខាន់ក្នុងការចួលរួមលើកស្ទួយជីវភាពរស់នៅរបស់មនុស្សជាតិឱ្យបានល្អប្រសើរ។ ដើម្បីសម្រេចគោលដៅនេះ វិស្វករស្រមៃគិតលើមូលដ្ឋានចំណេះដឹង និងបទពិសោធន៍ដើម្បីកែច្នៃធនធានធម្មជាតិឱ្យទៅជាផលិតផលសម្រេច ក្នុងគោលបំណងបំពេញតម្រូវការរបស់សង្គម។  ក្នុងន័យនេះ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការពង្រឹងសមត្ថភាពជំនាញរបស់វិស្វករជាការចាំបាច់មិន អាចខ្វះបានក្នុងបរិបទកម្ពុជាដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងធនធានបញ្ញវន្តវិស្វករជាតិ និងលើក ស្ទួយគុណភាពអប់រំឱ្យមានលក្ខណៈស្តង់ដារ នេះជាមូលហេតុដែលគណៈវិស្វករកម្ពុជាត្រូវបានបង្កើតឡើង។  

 

អាស្រ័យដោយវិស័យពាណិជ្ជកម្មជាតិបានធ្វើសមាហរណកម្មថ្នាក់តំបន់ និងសកលលោក ហើយវិស័យសេវាកម្ម វិស្វកម្ម ដើរតួនាទីសំខាន់មួយក្នុងក្របខ័ណ្ឌពាណិជក្ជម្មឆ្លងដែន ស្របតាមកិច្ចព្រមព្រៀងទទួល ស្គាល់គ្នាទៅវិញទៅមកលើវិស័យសេវាកម្ម វិស្វកម្មក្នុងតំបន់អាស៊ាន Mutual Recognition Agreement on Engineering Services (MRAs) ដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីពាណិជ្ជកម្ម នៃបណ្តាប្រទេសសមាជិកអាស៊ានកាលពីឆ្នាំ ២០០៥  ទើបតម្រូវឱ្យបងើ្កតគណៈវិស្វករកម្ពុជា (គ.វិ.ក.)នេះឡើង ក្រោមការផ្តួចផ្តើមពីស្ថាប័នវិស្វកម្មកម្ពុជា ជាអង្គការសង្គមស៊ីវីល វិស្វកម្មជាតិដែលបានបង្កើតនៅឆ្នាំ ២០០០ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជាក្នុង គោលបំណងលើកកម្ពស់សមត្ថភាពបញ្ញវន្តវិស្វករជាតិឱ្យមានលទ្ធភាពចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យបានប្រសើរឡើង តាមរយៈការប្រមូលផ្តុំវិស្វករ អភិវឌ្ឍសមត្ថភាព និងទំនាក់ទំនងការងារជូនសមាជិក។  គណៈវិស្វករកម្ពុជា (គ.វិ.ក.) ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤០៩/៤១៣ ចុះថ្ងៃទី ០៧  ខែ មេសា ឆ្នាំ២០០៩។  

គណៈវិស្វករកម្ពុជាជាស្ថាប័នវិស្វកម្មជាតិតែមួយគត់ដែលត្រូវបានបង្កើតឡើងដើម្បី ប្រមូលផ្តុំ និងគ្រប់គ្រងវិស្វករចុះបញ្ជី និងអភិវឌ្ឍសមត្ថភាពប្រតិបត្តិជំនាញឱ្យមានស្តង់ដារអន្តរជាតិ ជំរុញការអភិវឌ្ឍជាតិ។  

ផែ្អកលើចក្ខុវិស័យរបស់ខ្លួន គ.វិ.ក.មានបេសកកម្មដូចខាងក្រោម ៖

- រួមចំណែករៀបចំវិជ្ជាជីវៈវិស្វកម្មឱ្យកាន់តែល្អប្រសើរដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់វិស្វករ

- រួមចំណែកថែរក្សា និងលើកស្ទួយអត្តសញ្ញាណជាតិ

- ពង្រឹងសមត្ថភាពបច្ចេកទេសគ្រប់ជំនាញ និងពង្រីកធនធានមនុស្ស ឲ្យស្របតាមកាលៈទេសៈបច្ចុប្បន្ន និងអនាគត

- ធានាឲ្យការប្រកបវិជ្ជាជីវៈវិស្វកម្ម មានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព និងការទទួលខុសត្រូវខ្ពស់

- ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងវិស្វកម្មថ្នាក់ជាតិ និងទំនាក់ទំនងរវាងវិស្វកម្មជាតិ និងវិស្វកម្មអន្តរជាតិ

ទទួលស្គាល់គុណភាពរបស់វិស្វករកម្ពុជាដើម្បីឲ្យមានគោរម្យងារជាវិស្វករអាជីពជាតិ និងអន្តរជាតិ

- រួមចំណែកក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈវិស្វកម្មដើម្បីអភិវឌ្ឍធនធានមនុស្ស ឲ្យស្របតាមតម្រូវការសង្គម

- កំណត់ស្តង់ដារកម្រិតខ្ពស់សម្រាប់ទទួលការចុះបញ្ជីវិស្វករអាជីព។  

គណៈវិស្វករកម្ពុជាត្រូវបានបង្កើតឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពប្រតិបត្តិជំនាញ និងការពារផលប្រយោជន៍សមាជិកចុះបញ្ជី សហគមន៍វិជ្ជាជីវៈវិស្វកម្ម និងសង្គមជាតិ។  វិស្វករចុះបញ្ជីនឹងត្រូវទទួលការអប់រំបំប៉នសមត្ថភាពជំនាញ ទទួលបានបទពិសោធន៍ថ្មីៗ និងបច្ចេកវិទ្យាទំនើបក្នុងលោកតាមរយៈអង្គការវិស្វកម្មនានាឲ្យកាន់តែប្រសើរ និងមានឱកាសទូលំទូលាយក្នុងការទទួល និង បង្កើតការងារដើម្បីជាប្រយោជន៍ខ្លួន គ្រួសារ និងសង្គមជាតិ។ ចំពោះរាល់កម្មសិទ្ធិបញ្ញា និងផលប្រយោជន៍ស្របច្បាប់របស់វិស្វករចុះបញ្ជី ក៏ត្រូវបានការពារ។ ការប្រមូលផ្តុំធនធានវិស្វករក្នុងសហគមន៍វិជ្ជាជីវៈវិស្វកម្មបានជាសក្តានុពលរឹងមាំអាចដោះស្រាយបាននូវគ្រប់បញ្ហាបចេ្ចកទេសដែលអាចកើតឡើងក្នុងពេលប្រកបវិជ្ជាជីវៈ។ វិស្វករចុះបញ្ជីមានសិទ្ធិទទួលការប្រឹក្សា និងផ្តល់យោបល់ពាក់ព័ន្ធ ជំនាញវិស្វកម្ម។  ប្រទេសជាតិមានធនធានបញ្ញាវន្តវិស្វករប្រកបដោយចំណេះដឹង សមត្ថភាពជំនាញវិជ្ជាជីវៈ និងគុណធម៌ល្អ ជាថាមពលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យចម្រើនឡើង និងមានសុភមង្គល។  ដូច្នេះការចុះបញ្ជីរបស់វិស្វករនៅគណៈវិស្វករកម្ពុជា មានន័យថា ជួយខ្លួនឯង ជួយគ្រួសារ និងជួយសង្គមជាតិ។    

អគ្គលេខាធិការដ្ឋាន

គ.វិ.ក. មានអគ្គលេខាធិការដ្ឋានមួយ ដែលមានតួនាទីជា អង្គភាពប្រតិបត្តិ និងមានភារកិច្ច ដូចតទៅ ៖

-      រៀបចំ និងអនុវត្តគោលនយោបាយយុទ្ធសាស្រ្ត ផែនការ សកម្មភាព បទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌វិស្វករ ដែលអនុម័តដោយក្រុមប្រឹក្សា គ.វិ.ក.

-      រៀបចំគម្រោងថវិកាប្រចាំឆ្នាំ សម្រាប់ដំណើរការ គ.វិ.ក.

-      ធានានិរន្តរភាពការងារនៃអគ្គលេខាធិការដ្ឋាន គ.វិ.ក.

-      ផ្សព្វផ្សាយអនុសញ្ញា កិច្ចព្រមព្រៀងអន្តរជាតិ ច្បាប់ និងលិខិត បទដ្ឋានគតិយុត្ត ទាំងឡាយដែលទាក់ទងនឹងវិស័យវិស្វកម្មគ្រប់ជំនាញ និងចូលរួមរៀបចំច្បាប់ និងបទដ្ឋានគតិយុត្តទាំងឡាយតាមការអញ្ជើញរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ

-      ជួយសម្រួលក្នុងការការពារកម្មសិទ្ធិបញ្ញារបស់វិស្វករអាជីព

-      ពង្រឹងសមត្ថភាពចូលរួមក្នុងការប្រកួតប្រជែងដោយយុត្តិធម៌ និងស្មើភាពគ្នារវាងវិស្វករអាជីពកម្ពុជា និងវិស្វករបរទេស

-      ធ្វើសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជន និងកីឡា គណៈកម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា គ្រឹះស្ថានឧត្តមសិក្សា និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីកំណត់កម្មវិធីសិក្សា វគ្គបំប៉នជំនាញ និង ការអប់រំក្រោយឧត្តមសិក្សា

-      លើកស្ទួយការបណ្តុះបណ្តាលបន្តដល់វិស្វករកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈវិស្វកម្មឲ្យមានការទទួលស្គាល់ក្នុងក្របខណ្ឌអាស៊ាន និងអន្តរជាតិតាមគោលការណ៏នៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកក្នុងអាស៊ាន

-      ពិនិត្យតាមដានការប្រកបវិជ្ជាជីវៈវិស្វកម្មរបស់វិស្វករអាជីពកម្ពុជា និងវិស្វករបរទេស

-      ចុះបញ្ជីវិស្វករ កំណត់គុណវុឌ្ឍិ៍វិជ្ជាជីវៈ ឲ្យទៅវិស្វករអាជីព និងធានានិរន្តភាពការចុះបញ្ជីវិស្វករ នៅព្រះរាជាណាចក្រកម្ពុជា

-      ជ្រើសរើស និងវាយតម្លៃបេក្ខភាពវិស្វករអាជីពកម្ពុជា ដើម្បីឲ្យទៅជា វិស្វករអាស៊ាន

-      រៀបចំគុណវុឌ្ឍិ៍ជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌របស់វិស្វករ ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ

-      ធ្វើកោសលវិច័យលើការអនុវត្តការងាររបស់វិស្វករអាជីព ក្នុងករណីមានទំនាស់ក្នុងការបំពេញវិជ្ជាជីវៈ

-      ធ្វើរបាយការណ៏ស្តីអំពីសកម្មភាពការងារ គ.វិ.ក. ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ និងក្រុមប្រឹក្សា គ.វិ.ក.

-      បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនដោយក្រុមប្រឹក្សា គ.វិ.ក.

ផ្នែករដ្ឋបាល បុគ្គលិក ផែនការ និងហិរញ្ញវត្ថុ មានភារកិច្ចដូចតទៅ ៖

-      គ្រប់គ្រងការងាររដ្ឋបាល និងបុគ្គលិករបស់អគ្គលេខាធិការដ្ឋាន គ.វិ.ក.

-      រៀបចំផែនការសម្រាប់ដំណើរការ គ.វិ.ក.

-      ស្វែងរកថវិកាដើម្បីធានានិរន្តរភាព គ.វិ.ក.

-      គ្រប់គ្រងថវិកាចំណូលចំណាយរបស់ គ.វិ.ក.

-      រៀបចំកិច្ចការហិរញ្ញវត្ថុ គម្រោងថវិកាប្រចាំឆ្នាំ និងផែនការឆ្នាំបន្តរបស់ គ.វិ.ក.

-      ថែរក្សាទុកដាក់ឯកសារ បញ្ញីសារពើភ័ណ្ឌ និងទ្រព្យសម្បត្តិរបស់ គ.វិ.ក.

-      ធ្វើរបាយការណ៍ស្តីអំពីស្ថានភាពចំណូលចំណាយ និងសកម្មភាពការងាររបស់គ.វិ.ក.

-      បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់អគ្គលេខាធិការ។

ផ្នែកអប់រំ និងបណ្តុះបណ្តាល  មានភារកិច្ចដូចតទៅ ៖

-      រៀបចំការបណ្តុះបណ្តាលបំពេញបន្ថែមសម្រាប់វិស្វករចុះបញ្ញី ដើម្បីក្លាយខ្លួនទៅជា បេក្ខជនវិស្វករអាជីព

-      រៀបចំការបណ្តុះបណ្តាលបន្តសម្រាប់វិស្វករអាជីព គ.វិ.ក  ដើម្បីឲ្យមានគុណភាពស្របតាមការវិវត្តបច្ចេកវិទ្យាទំនើប

-      ធ្វើសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជន និងកីឡា គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា គ្រឹះស្ថានឧត្តមសិក្សា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីកំណត់កម្មវិធីសិក្សា វគ្គបំប៉នជំនាញ និងការអប់រំក្រោយឧត្តមសិក្សា

-      រៀបចំសិក្ខាសាលា វគ្គបំប៉នខ្លីៗទៅតាមមុខជំនាញដែលជាតម្រូវការរបស់សង្គម

-      ធ្វើសហប្រតិបត្តិការជាមួយស្ថាប័នសិក្សាវិស្វកម្ម និងបច្ចេកវិទ្យាអន្តរជាតិ ដើម្បីលើកកម្ពស់គុណភាពបញ្ញវន្តវិស្វករជាតិ

-      លើកស្ទួយការបណ្តុះបណ្តាលបន្តដល់វិស្វករកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈវិស្វកម្មឲ្យមានការទទួលស្គាល់ក្នុងក្របខ័ណ្ឌអាស៊ាន និងអន្តរជាតិតាមគោលការណ៍នៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក ក្នុងអាស៊ាន

-      បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់អគ្គលេខាធិការ។

ផ្នែកចុះបញ្ជី គុណវុឌ្ឍិ៍ ស្តង់ដារ ត្រួតពិនិត្យ និងទំនាក់ទំនងអន្តរជាតិ មានភារកិច្ចដូចតទៅ ៖

-      ទទួលចុះបញ្ជីវិស្វករខ្មែរ និងបរទេសដែលបានបញ្ចប់ការសិក្សាជំនាញវិស្វកម្មដោយជោគជ័យនៅតាមគ្រឹះស្ថានឧត្តមសិក្សានានានៅព្រះរាជាណាចក្រកម្ពុជា ឬនៅបរទេស ហើយមានការទទួលស្គាល់សញ្ញាបត្រស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា

-      តាមដានត្រួតពិនិត្យឯកសាររបស់វិស្វករកម្ពុជា និងបរទេសក្នុងការប្រកបវិជ្ជាជីវៈវិស្វកម្ម

-      រៀបចំបញ្ជីឈ្មោះវិស្វករដែលបានបញ្ចប់ការសិក្សាតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស្វកម្មនានា និងបញ្ជូនបញ្ជីឈ្មោះទៅក្នុងវគ្គបណ្តុះបណ្តាល ឬសម្រាប់ជាបេក្ខជនវិស្វករអាជីព  គ.វិ.ក.

-      វាយតម្លៃបេក្ខជនវិស្វករដែលបានដាក់ពាក្យចុះបញ្ជី ដើម្បីបំពេញលក្ខខណ្ឌជាវិស្វករអាជីព

-      ជ្រើសរើស និងវាយតម្លៃលើបេក្ខភាពវិស្វករអាជីពកម្ពុជា ដើម្បីទៅជាវិស្វករអាស៊ាន

-      ធ្វើទំនាក់ទំនងអន្តរជាតិសម្រាប់គ្រប់ការងារវិស្វកម្ម

-      ជាតំណាង គ.វិ.ក. ប្រចាំការនៅអគ្គលេខាធិការដ្ឋានអាស៊ាន

-      បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់អគ្គលេខាធិការ។

ផ្នែកនីតិកម្ម និងកោសល្យវិច័យ មានភារកិច្ចដូចតទៅ ៖

-      រៀបចំបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌វិស្វករ និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងវិស័យវិស្វកម្ម

-      ទទួលបណ្តឹង អំពីវិវាទដែលពាក់ព័ន្ធទៅនឹងវិស័យវិស្វកម្ម

-      ការពារភាពស្របច្បាប់របស់វិស្វករ វិស្វករអាជីព និងវិស្វករអាស៊ានដែលបានចុះបញ្ជីនៅ គ.វិ.ក.

-      ពិនិត្យ និងសិក្សារាល់អនុសញ្ញា កិច្ចព្រមព្រៀងអន្តរជាតិ និងលិខិតបទដ្ឋានគតិយុត្តទាំងឡាយដែលទាក់ទងនឹងវិស័យវិស្វកម្ម

-      ធ្វើកោសល្យវិច័យលើការងារវិស្វកម្មរបស់វិស្វករអាជីពកម្ពុជា និងបរទេសដែលបានប្រកបវិជ្ជាជីវៈវិស្វកម្មក្នុងករណីវិវាទ

-      វាយតម្លៃ និងបញ្ជាក់កម្រិតបច្ចេកទេសលើវិស័យវិស្វកម្ម

-      តាមដានត្រួតពិនិត្យការអនុវត្តផែនការរបស់អគ្គលេខាធិការដ្ឋាន គ.វិ.ក.

-      ចូលរួមរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងឡាយដែលពាក់ព័ន្ធនឹងវិស័យវិស្វកម្មតាមការអញ្ជើញរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ

-      បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់អគ្គលេខាធិការ។

ផ្នែកបច្ចេកទេស និងសិក្សាស្រាវជ្រាវ មានភារកិច្ចដូចតទៅ ៖

-      ធ្វើទំនាក់ទំនង និងពិនិត្យបច្ចេកទេសការអនុវត្តគម្រោង ផលប៉ះពាល់សុខភាព សុវត្ថិភាព និងបរិស្ថាននៅពេលបំពេញភារកិច្ចរបស់វិស្វករកម្ពុជា និងបរទេសដែលបានចុះបញ្ជីនៅ គ.វិ.ក.

-      សម្របសម្រួលផ្តល់យោបល់លើការអនុវត្តគម្រោងវិស្វកម្មក្នុងករណីមានភាពមិនប្រក្រតី

-      សិក្សាស្រាវជ្រាវបច្ចេកទេស និងបច្ចេកវិទ្យាថ្មីក្នុង និងក្រៅប្រទេសលើវិស័យវិស្វកម្មដើម្បីនាំមកប្រើប្រាស់ និងផ្តល់ជូនវិស្វករកម្ពុជា និងបរទេស

-      ផ្តល់ប្រឹក្សាបច្ចេកទេស ក្នុងនិងក្រៅប្រទេស លើវិស័យវិស្វកម្មកម្ពុជា

-      រៀបចំស្តង់ដារវិស្វកម្ម ដើម្បីឲ្យមានការឯកភាពទូទាំងប្រទេស និងស្របតាមស្តង់ដារអាស៊ាន

-      សិក្សាស្រាវជ្រាវចងក្រងសទ្ទានុក្រមបច្ចេកទេសវិស្វកម្មសម្រាប់ជំនួយដល់វិស្វករកម្ពុជា និងបរទេស

-      រៀបចំ និងចូលរួមការសិក្សាស្រាវជ្រាវគម្រោងជាមួយវិស្វករកម្ពុជា និងបរទេស

-      ធ្វើការទំនាក់ទំនងជាតិ និងអន្តរជាតិសម្រាប់ការងារបច្ចេកទេស

-      បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់អគ្គលេខាធិការ។

  ផ្នែកផ្សព្វផ្សាយ និងព័ត៌មានវិទ្យា មានភារកិច្ចដូចតទៅ ៖

-      ផ្សព្វផ្សាយជាសារធារណៈរាល់សេចក្តីសម្រេច និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងវិស័យវិស្វកម្ម

-      ផ្សព្វផ្សាយរបកគំហើញបច្ចេកវិទ្យាថ្មីៗដែលទាក់ទងនឹងវិស័យវិស្វកម្ម

-      ចងក្រង បោះពុម្ភផ្សាយទស្សនាវដ្តីវិស្វកម្ម

-      រៀបចំគេហទំព័រស្តីអំពីសកម្មភាពរបស់ គ.វិ.ក.

-      រៀបចំ និងគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យារបស់ គ.វិ.ក.

-      ស្រាវជ្រាវ និងប្រមូលព័ត៌មានវិស្វកម្មក្នុង និងក្រៅប្រទេស

-      បំពេញភារកិច្ចផ្សេងទៅតាមការប្រគល់ជូនរបស់អគ្គលេខាធិការ។