គណៈវិស្វករកម្ពុជា បើកវគ្គបណ្តុះបណ្តាលស្តីពី “វិស្វកម្មភូគព្ភសាស្ត្រ ដល់វិស្វករចុះបញ្ជីនៅគណៈវិស្វករកម្ពុជា
=======
គណៈវិស្វករកម្ពុជា បើកវគ្គបណ្តុះបណ្តាលស្តីពី “វិស្វកម្មភូគព្ភសាស្ត្រ ដល់វិស្វករចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ដើម្បីយកទៅអនុវត្តនៅក្នុងការវិភាគ ការរចនា និងការសាងសង់ អាគារខ្ពស់ៗ ទំនប់ និងប្រព័ន្ធបង្ហូរទឹក ផ្លូវ ស្ពាន អាកាសយានដ្ឋាន និងគម្រោងជលសាស្ត្រជាដើម ប្រកបដោយសុក្រឹត្យភាព សុវត្ថិភាព និងស្ថេរភាក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ។
លោកជំទាវ ខៃ្វ សុភាព អគ្គលេខាធិការរងទទួលបន្ទុកផ្នែកអប់រំ និងបណ្ដុះបណ្តាល នៃអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វេីឡេីងក្នុងគោលបំណងបង្កើនសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈដល់វិស្វករជាតិ ចុះបញ្ជីនៅគណៈវិស្វករកម្ពុជា។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ មានបទបង្ហាញចំនួន៥ ដែលនឹងត្រូវផ្តល់ដោយ វាគ្មិនមានចំណេះដឹង និងបទពិសោធន៍ខ្ពស់លើវិស័យនេះ ដូចជា៖
១.បច្ចេកទេសសំណង់ជញ្ជាំងទប់ដី សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ
២. វិធីសាស្ត្រវិភាគលំនឹងប្លង់ទេរ ក្នុងការគណនាឌីហ្សាញច្រាំងទន្លេ
៣. ការអនុវត្តដំណើរការខួងគ្រឹះសម្រាប់ការងារសាងសង់ គ្រឿងបង្គុំតាមវិធីសាស្ត្រពីលើចុះក្រោម
៤. ធាតុផ្សំសម្រាប់ការពង្រឹងបេតុង និងការការពារជម្រាបទឹក
៥. ការវិភាគពីអន្តរកម្មដែលកើតមានរវាងដី និងគ្រឿងផ្គុំសំណង់ នៅតំបន់ដែលមានគ្រោះរញ្ជួយដី។
ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានឱ្យដឹងថា វិស្វកម្មភូគព្ភសាស្ត្រ ជាមុខវិជ្ជាដ៏សំខាន់មួយក្នុងវិស្វកម្ម ស៊ីវិល ដែលផ្តោតលើការសិក្សាលក្ខណៈរូប គីមី និងមេកានិចនៃដី និងថ្ម ដើម្បីអនុវត្តនៅក្នុងការធ្វើវិភាគ ការរចនា និងការសាងសង់៖ -អាគារខ្ពស់ៗ ទំនប់ និងប្រព័ន្ធបង្ហូរទឹក - ផ្លូវ ស្ពាន អាកាសយានដ្ឋាន និងគម្រោងជលសាស្ត្រជាដើម។ ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា ធនធាន បញ្ញវន្តវិស្វករជាតិ មានកម្រិតវិជ្ជាជីវៈស្តង់ដា ព្រមទាំងសមត្ថភាពជំនាញវិជ្ជាជីវៈ និងមានក្រមសីលធម៌ វិជ្ជាជីវៈ គឺជាសក្តានុពលមួយផ្នែកដ៏មានប្រសិទ្ធភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈលទ្ធផល ការងារល្អ និងការទទួលខុសត្រូវចំពោះស្ថាប័នសាធារណៈ ក្រុមហ៊ុនឯកជន ដែលកំពុងសកម្ម វិនិយោគលើវិស័យជាច្រើនក្នុងសង្គមកម្ពុជា។
ឯកឧត្តម សង្ឃឹម និងជឿជាក់ថា បទអន្តាគមន៍ដែលវាគ្មិនទាំងអស់ ផ្តល់ជូន ក្នុងវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ជាចំណែកមួយនៃការផ្តល់ពុទ្ធិថ្មីៗល្អៗ តាមបែបវិទ្យាសាស្ត្រទំនើបក្នុងទិសដៅធ្វើឱ្យប្រសើរឡើងនូវធនធានបញ្ញវន្តវិស្វករជាតិសមាហរណកម្មសេវាវិស្វកម្មក្នុងតំបន់អាស៊ាន។