តួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា
គ.វិ.ក. មានអគ្គលេខាធិការដ្ឋានមួយ ដែលមានតួនាទីជា អង្គភាពប្រតិបត្តិ និងមានភារកិច្ច ដូចតទៅ ៖
- រៀបចំ និងអនុវត្តគោលនយោបាយយុទ្ធសាស្រ្ត ផែនការ សកម្មភាព បទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌វិស្វករ ដែលអនុម័តដោយក្រុមប្រឹក្សា គ.វិ.ក.
- រៀបចំគម្រោងថវិកាប្រចាំឆ្នាំ សម្រាប់ដំណើរការ គ.វិ.ក.
- ធានានិរន្តរភាពការងារនៃអគ្គលេខាធិការដ្ឋាន គ.វិ.ក.
- ផ្សព្វផ្សាយអនុសញ្ញា កិច្ចព្រមព្រៀងអន្តរជាតិ ច្បាប់ និងលិខិត បទដ្ឋានគតិយុត្ត ទាំងឡាយដែលទាក់ទងនឹងវិស័យវិស្វកម្មគ្រប់ជំនាញ និងចូលរួមរៀបចំច្បាប់ និងបទដ្ឋានគតិយុត្តទាំងឡាយតាមការអញ្ជើញរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ
- ជួយសម្រួលក្នុងការការពារកម្មសិទ្ធិបញ្ញារបស់វិស្វករអាជីព
- ពង្រឹងសមត្ថភាពចូលរួមក្នុងការប្រកួតប្រជែងដោយយុត្តិធម៌ និងស្មើភាពគ្នារវាងវិស្វករអាជីពកម្ពុជា និងវិស្វករបរទេស
- ធ្វើសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជន និងកីឡា គណៈកម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា គ្រឹះស្ថានឧត្តមសិក្សា និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីកំណត់កម្មវិធីសិក្សា វគ្គបំប៉នជំនាញ និង ការអប់រំក្រោយឧត្តមសិក្សា
- លើកស្ទួយការបណ្តុះបណ្តាលបន្តដល់វិស្វករកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈវិស្វកម្មឲ្យមានការទទួលស្គាល់ក្នុងក្របខណ្ឌអាស៊ាន និងអន្តរជាតិតាមគោលការណ៏នៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកក្នុងអាស៊ាន
- ពិនិត្យតាមដានការប្រកបវិជ្ជាជីវៈវិស្វកម្មរបស់វិស្វករអាជីពកម្ពុជា និងវិស្វករបរទេស
- ចុះបញ្ជីវិស្វករ កំណត់គុណវុឌ្ឍិ៍វិជ្ជាជីវៈ ឲ្យទៅវិស្វករអាជីព និងធានានិរន្តភាពការចុះបញ្ជីវិស្វករ នៅព្រះរាជាណាចក្រកម្ពុជា
- ជ្រើសរើស និងវាយតម្លៃបេក្ខភាពវិស្វករអាជីពកម្ពុជា ដើម្បីឲ្យទៅជា វិស្វករអាស៊ាន
- រៀបចំគុណវុឌ្ឍិ៍ជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌របស់វិស្វករ ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ
- ធ្វើកោសលវិច័យលើការអនុវត្តការងាររបស់វិស្វករអាជីព ក្នុងករណីមានទំនាស់ក្នុងការបំពេញវិជ្ជាជីវៈ
- ធ្វើរបាយការណ៏ស្តីអំពីសកម្មភាពការងារ គ.វិ.ក. ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ និងក្រុមប្រឹក្សា គ.វិ.ក.
- បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនដោយក្រុមប្រឹក្សា គ.វិ.ក. ។
ផ្នែករដ្ឋបាល បុគ្គលិក ផែនការ និងហិរញ្ញវត្ថុ មានភារកិច្ចដូចតទៅ ៖
- គ្រប់គ្រងការងាររដ្ឋបាល និងបុគ្គលិករបស់អគ្គលេខាធិការដ្ឋាន គ.វិ.ក.
- រៀបចំផែនការសម្រាប់ដំណើរការ គ.វិ.ក.
- ស្វែងរកថវិកាដើម្បីធានានិរន្តរភាព គ.វិ.ក.
- គ្រប់គ្រងថវិកាចំណូលចំណាយរបស់ គ.វិ.ក.
- រៀបចំកិច្ចការហិរញ្ញវត្ថុ គម្រោងថវិកាប្រចាំឆ្នាំ និងផែនការឆ្នាំបន្តរបស់ គ.វិ.ក.
- ថែរក្សាទុកដាក់ឯកសារ បញ្ញីសារពើភ័ណ្ឌ និងទ្រព្យសម្បត្តិរបស់ គ.វិ.ក.
- ធ្វើរបាយការណ៍ស្តីអំពីស្ថានភាពចំណូលចំណាយ និងសកម្មភាពការងាររបស់គ.វិ.ក.
- បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់អគ្គលេខាធិការ។
ផ្នែកអប់រំ និងបណ្តុះបណ្តាល មានភារកិច្ចដូចតទៅ ៖
- រៀបចំការបណ្តុះបណ្តាលបំពេញបន្ថែមសម្រាប់វិស្វករចុះបញ្ញី ដើម្បីក្លាយខ្លួនទៅជា បេក្ខជនវិស្វករអាជីព
- រៀបចំការបណ្តុះបណ្តាលបន្តសម្រាប់វិស្វករអាជីព គ.វិ.ក ដើម្បីឲ្យមានគុណភាពស្របតាមការវិវត្តបច្ចេកវិទ្យាទំនើប
- ធ្វើសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជន និងកីឡា គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា គ្រឹះស្ថានឧត្តមសិក្សា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីកំណត់កម្មវិធីសិក្សា វគ្គបំប៉នជំនាញ និងការអប់រំក្រោយឧត្តមសិក្សា
- រៀបចំសិក្ខាសាលា វគ្គបំប៉នខ្លីៗទៅតាមមុខជំនាញដែលជាតម្រូវការរបស់សង្គម
- ធ្វើសហប្រតិបត្តិការជាមួយស្ថាប័នសិក្សាវិស្វកម្ម និងបច្ចេកវិទ្យាអន្តរជាតិ ដើម្បីលើកកម្ពស់គុណភាពបញ្ញវន្តវិស្វករជាតិ
- លើកស្ទួយការបណ្តុះបណ្តាលបន្តដល់វិស្វករកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈវិស្វកម្មឲ្យមានការទទួលស្គាល់ក្នុងក្របខ័ណ្ឌអាស៊ាន និងអន្តរជាតិតាមគោលការណ៍នៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក ក្នុងអាស៊ាន
- បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់អគ្គលេខាធិការ។
ផ្នែកចុះបញ្ជី គុណវុឌ្ឍិ៍ ស្តង់ដារ ត្រួតពិនិត្យ និងទំនាក់ទំនងអន្តរជាតិ មានភារកិច្ចដូចតទៅ ៖
- ទទួលចុះបញ្ជីវិស្វករខ្មែរ និងបរទេសដែលបានបញ្ចប់ការសិក្សាជំនាញវិស្វកម្មដោយជោគជ័យនៅតាមគ្រឹះស្ថានឧត្តមសិក្សានានានៅព្រះរាជាណាចក្រកម្ពុជា ឬនៅបរទេស ហើយមានការទទួលស្គាល់សញ្ញាបត្រស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា
- តាមដានត្រួតពិនិត្យឯកសាររបស់វិស្វករកម្ពុជា និងបរទេសក្នុងការប្រកបវិជ្ជាជីវៈវិស្វកម្ម
- រៀបចំបញ្ជីឈ្មោះវិស្វករដែលបានបញ្ចប់ការសិក្សាតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស្វកម្មនានា និងបញ្ជូនបញ្ជីឈ្មោះទៅក្នុងវគ្គបណ្តុះបណ្តាល ឬសម្រាប់ជាបេក្ខជនវិស្វករអាជីព គ.វិ.ក.
- វាយតម្លៃបេក្ខជនវិស្វករដែលបានដាក់ពាក្យចុះបញ្ជី ដើម្បីបំពេញលក្ខខណ្ឌជាវិស្វករអាជីព
- ជ្រើសរើស និងវាយតម្លៃលើបេក្ខភាពវិស្វករអាជីពកម្ពុជា ដើម្បីទៅជាវិស្វករអាស៊ាន
- ធ្វើទំនាក់ទំនងអន្តរជាតិសម្រាប់គ្រប់ការងារវិស្វកម្ម
- ជាតំណាង គ.វិ.ក. ប្រចាំការនៅអគ្គលេខាធិការដ្ឋានអាស៊ាន
- បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់អគ្គលេខាធិការ។
ផ្នែកនីតិកម្ម និងកោសល្យវិច័យ មានភារកិច្ចដូចតទៅ ៖
- រៀបចំបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌វិស្វករ និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងវិស័យវិស្វកម្ម
- ទទួលបណ្តឹង អំពីវិវាទដែលពាក់ព័ន្ធទៅនឹងវិស័យវិស្វកម្ម
- ការពារភាពស្របច្បាប់របស់វិស្វករ វិស្វករអាជីព និងវិស្វករអាស៊ានដែលបានចុះបញ្ជីនៅ គ.វិ.ក.
- ពិនិត្យ និងសិក្សារាល់អនុសញ្ញា កិច្ចព្រមព្រៀងអន្តរជាតិ និងលិខិតបទដ្ឋានគតិយុត្តទាំងឡាយដែលទាក់ទងនឹងវិស័យវិស្វកម្ម
- ធ្វើកោសល្យវិច័យលើការងារវិស្វកម្មរបស់វិស្វករអាជីពកម្ពុជា និងបរទេសដែលបានប្រកបវិជ្ជាជីវៈវិស្វកម្មក្នុងករណីវិវាទ
- វាយតម្លៃ និងបញ្ជាក់កម្រិតបច្ចេកទេសលើវិស័យវិស្វកម្ម
- តាមដានត្រួតពិនិត្យការអនុវត្តផែនការរបស់អគ្គលេខាធិការដ្ឋាន គ.វិ.ក.
- ចូលរួមរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងឡាយដែលពាក់ព័ន្ធនឹងវិស័យវិស្វកម្មតាមការអញ្ជើញរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ
- បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់អគ្គលេខាធិការ។
ផ្នែកបច្ចេកទេស និងសិក្សាស្រាវជ្រាវ មានភារកិច្ចដូចតទៅ ៖
- ធ្វើទំនាក់ទំនង និងពិនិត្យបច្ចេកទេសការអនុវត្តគម្រោង ផលប៉ះពាល់សុខភាព សុវត្ថិភាព និងបរិស្ថាននៅពេលបំពេញភារកិច្ចរបស់វិស្វករកម្ពុជា និងបរទេសដែលបានចុះបញ្ជីនៅ គ.វិ.ក.
- សម្របសម្រួលផ្តល់យោបល់លើការអនុវត្តគម្រោងវិស្វកម្មក្នុងករណីមានភាពមិនប្រក្រតី
- សិក្សាស្រាវជ្រាវបច្ចេកទេស និងបច្ចេកវិទ្យាថ្មីក្នុង និងក្រៅប្រទេសលើវិស័យវិស្វកម្មដើម្បីនាំមកប្រើប្រាស់ និងផ្តល់ជូនវិស្វករកម្ពុជា និងបរទេស
- ផ្តល់ប្រឹក្សាបច្ចេកទេស ក្នុងនិងក្រៅប្រទេស លើវិស័យវិស្វកម្មកម្ពុជា
- រៀបចំស្តង់ដារវិស្វកម្ម ដើម្បីឲ្យមានការឯកភាពទូទាំងប្រទេស និងស្របតាមស្តង់ដារអាស៊ាន
- សិក្សាស្រាវជ្រាវចងក្រងសទ្ទានុក្រមបច្ចេកទេសវិស្វកម្មសម្រាប់ជំនួយដល់វិស្វករកម្ពុជា និងបរទេស
- រៀបចំ និងចូលរួមការសិក្សាស្រាវជ្រាវគម្រោងជាមួយវិស្វករកម្ពុជា និងបរទេស
- ធ្វើការទំនាក់ទំនងជាតិ និងអន្តរជាតិសម្រាប់ការងារបច្ចេកទេស
- បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់អគ្គលេខាធិការ។
ផ្នែកផ្សព្វផ្សាយ និងព័ត៌មានវិទ្យា មានភារកិច្ចដូចតទៅ ៖
- ផ្សព្វផ្សាយជាសារធារណៈរាល់សេចក្តីសម្រេច និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងវិស័យវិស្វកម្ម
- ផ្សព្វផ្សាយរបកគំហើញបច្ចេកវិទ្យាថ្មីៗដែលទាក់ទងនឹងវិស័យវិស្វកម្ម
- ចងក្រង បោះពុម្ភផ្សាយទស្សនាវដ្តីវិស្វកម្ម
- រៀបចំគេហទំព័រស្តីអំពីសកម្មភាពរបស់ គ.វិ.ក.
- រៀបចំ និងគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យារបស់ គ.វិ.ក.
- ស្រាវជ្រាវ និងប្រមូលព័ត៌មានវិស្វកម្មក្នុង និងក្រៅប្រទេស
- បំពេញភារកិច្ចផ្សេងទៅតាមការប្រគល់ជូនរបស់អគ្គលេខាធិការ។