ប្រវត្តិសង្ខេបរបស់គណៈវិស្វករកម្ពុជា(គ.វិ.ក.)
ក្រោយថ្ងៃរំដោះ៧ ខែមករា ឆ្នាំ១៩៧៩ កម្ពុជាពុំទាន់មានស្ថាប័នណាមួយទទួលខុសត្រូវ គ្រប់គ្រងវិស្វករ ហើយក៏មិនមានឯកសារគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងវិស័យវិស្វកម្មដែរ ។ ដោយយល់ឃើញថា វិស្វករមានតូនាទីយ៉ាងសំខាន់ ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់មនុស្សជាតិឱ្យបានល្អប្រសើរ និងដើម្បីសម្រេចគោលដៅនេះ វិស្វករស្រមៃគិតលើមូលដ្ឋានចំណេះដឹង និងបទពិសោធន៍ ដើម្បីកែច្នៃធនធានធម្មជាតិឱ្យទៅជាផលិតផលសម្រេច ក្នុងគោលបំណងបំពេញសេចក្តីត្រូវការរបស់សង្គម ។ ក្នុងន័យនេះ ការពង្រឹង និងបង្កើនសមត្ថភាពជំនាញរបស់វិស្វករ ជាការចាំបាច់មិនអាចខ្វះបានក្នុងបរិបទកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ។
លុះដល់ឆ្នាំ២០០០ វិស្វករមួយក្រុមបានរួមគ្នាបង្កើតជាសមាគម ដែលមានឈ្មោះថា ស្ថាប័នវិស្វកម្មកម្ពុជា (ស.វ.ក) ក្នុងគោលបំណងការពារផលប្រយោជន៍វិស្វករ និងលើកកម្ពស់សមត្ថភាពបញ្ញវន្តវិស្វករជាតិ ឱ្យមានលទ្ធភាពចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យបានប្រសើរឡើង តាមរយៈការប្រមូលផ្តុំវិស្វករ អភិវឌ្ឍសមត្ថភាព និងទំនាក់ទំនងការងារជូនសមាជិក ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ជាប្រធានកិត្តិយស និង ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី ជាប្រធានក្រុមប្រឹក្សាភិបាល ស.វ.ក។
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០០ ស្ថាប័នវិស្វកម្មកម្ពុជា (សវក) ត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ និងបានចូលជាសមាជិកពេញសិទ្ធិរបស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន (ASEAN Federation of Engineering Organizations (AFEO)) នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០០ ។ កិច្ចសហប្រតិបត្តិការជាមួយអង្គការសហព័ន្ធវិស្វកម្មអាស៊ាននេះគឺ ដើម្បីគ្រប់គ្រង ពង្រឹងគុណភាពនិងសមត្ថភាពប្រតិបត្តិ និងតួនាទីរបស់វិស្វករកម្ពុជាក្នុង សមាហរណកម្មក្នុងតំបន់ និងពិភពលោក។
អាស្រ័យដោយការវិវឌ្ឍន៍វិស័យពាណិជ្ជកម្មជាតិ និងចរន្តសមាហរណកម្មក្នុងតំបន់ និងសកលលោក វិស័យសេវាកម្មវិស្វកម្មដើរតួនាទីយ៉ាងសំខាន់ ក្នុងក្របខ័ណ្ឌពាណិជ្ជកម្មឆ្លងដែន ។ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០០៥ នាទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន តំណាងព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើវិស័យសេវាកម្មវិស្វកម្មក្នុងតំបន់អាស៊ាន (Mutual Recognition Agreement on Engineering Services (MRAs)) ។ ក្នុងនាមជារដ្ឋហត្ថលេខី នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ត្រូវតែចូលរួមអនុវត្ត កិច្ចព្រមព្រៀងនេះឲ្យមានប្រសិទ្ធិភាព ដើម្បីធ្វើសមាហរណកម្មសេវាកម្មវិស្វកម្មក្នុងតំបន់អាស៊ាន។
តាម MRA នេះប្រទេសជាសមាជិកត្រូវៈ
- បង្កើតអាជ្ញាធរវិជ្ជាជីវៈវិស្វកម្មជាតិ National Professional Regulatory Authority (NPRA)ដើម្បីពិនិត្យពាក្យសុំចុះបញ្ជី ACPE (ASEAN Chartered Professional Engineer) របស់វិស្វករជាតិ
- តាមដាន វាយតម្លៃការងារអនុវត្តវិស្វកម្មរបស់វិស្វករបរទេសដែលបានធ្វើការងារក្នុងប្រទេសខ្លួន
- ធ្វើរបាយការណ៍ជាប្រចាំការអនុវត្ត MRA ជូន ASEAN Secretariat
- ធានាឲ្យបាននូវស្តង់ដារវិជ្ជាជីវៈ និងក្រមសីលធម៌ជាតិខ្លូន
- ពិនិត្យសម្បទាវិជ្ជាជីវៈវិស្វករបរទេស ដែលបានមកចុះបញ្ជីធ្វើការងារក្នុងប្រទេសខ្លួន
- រៀបចំច្បាប់ និងបទដ្ឋានផ្សេងៗដែលពាក់ព័ន្ធទៅនឹង MRA
- ផ្លាស់ប្តូរព័ត៌មាន ស្តង់ដារវិស្វកម្ម ជម្រុញឲ្យមានសុខដុមភាវូបនីយកម្មក្នុងតំបន់។
នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០០៧ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរ អាជ្ញាធរវិជ្ជាជីវៈវិស្វកម្ម ( Professional Regulatory Authority (PRA)) ពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឲ្យស្ថាប័នវិស្វកម្មកម្ពុជា (ស.វ.ក) តាមរយៈលិខិតលេខ ២៣៨៧ MOC / SM ២០០៧ របស់ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានផ្ញើជូន ឯកឧត្តម Ong Keng Yong អគ្គលេខាធិការ នៃអគ្គលេខាធិការរដ្ឋានអាស៊ាន ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការធ្វើសមាហរណកម្មក្នុងតំបន់អាស៊ាន និងឲ្យមានតុល្យភាពក្នុងការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជា ទៅក្នុងវិស័យវិស្វកម្ម និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងនេះ តម្រូវឲ្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំបង្កើតគណៈវិស្វករកម្ពុជា ជាតំណាងឲ្យរាជរដ្ឋាភិបាល ដើម្បីឲ្យស្របតាមកិច្ចព្រមព្រៀងនៃការទទួលស្គាល់គ្នាទៅវិញទៅមក លើវិស័យវិស្វកម្មក្នុងតំបន់អាស៊ាន ដោយបង្កើតគណៈកម្មការរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការបង្កើតគណៈវិស្វករកម្ពុជា តាមរយៈលិខិតលេខ ១៤/លប/សវក/០៨ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០៨ របស់ ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានក្រុមប្រឹក្សាភិបាល ស.វ.ក ។
គណៈវិស្វករកម្ពុជា (គ.វិ.ក) បានបង្កើតឡើងដោយមានការគាំទ្រយ៉ាងពេញទំហឹង ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពបញ្ញវន្តវិស្វករជាតិ ឱ្យមានលទ្ធភាពចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យបានប្រសើរឡើងតាមរយៈការប្រមូលផ្តុំវិស្វករ ការគ្រប់គ្រង និងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ។