ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ គណៈវិស្វករកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា » ដែលប្រារព្វធ្វើនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជានៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្រោមអធិបតីភាព ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា និងឯកឧត្តម ខូវ មករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការង ទីប្រឹក្សា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា បណ្តាក្រុមហ៊ុនឯកជន និងនិស្សិតផ្នែកវិស្វកម្ម សរុបចំនួន២៥៣នាក់ ក្នុងនោះស្ត្រី៥៧នាក់។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជាបានបង្ហាញអំពីគោលបំណងរបស់សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងដើម្បីបញ្ជ្រាបការយល់ដឹងអំពីសារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យវិស្វកម្ម ដល់និស្សិតផ្នែកវិស្វកម្ម និងវិស្វករ ដែលមានបំណងប្រកប ឬកំពុងប្រកបវិជ្ជាជីវៈវិស្វកម្មក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្កីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះបេសកកម្មរបស់គណៈវិស្វករកម្ពុជា និងសន្យាបន្តជួយផ្សព្វផ្សាយការចុះបញ្ជីរបស់គណៈវិស្វកម្ពុជានៅគ្រប់សកម្មភាពដែលអាចធ្វើទៅបាន។