(គណៈវិស្វករកម្ពុជា)៖ ការអភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យវិស្វកម្ម គឺជាកូនសោរបើកទ្វារឆ្ពោះទៅរកការអភិវឌ្ឍសង្គមជាតិ ប្រកបដោយនិរន្តភាព និងបរិយាបន្ន ក្នុងនោះការលើកស្ទួយសមត្ថភាពប្រតិបត្តិជំនាញវិជ្ជាជីវៈ ដល់វិស្វករជាតិឱ្យកាន់តែមានសក្តានុពលស្របទៅនឹងការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។
នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅអគារគណៈវិស្វករកម្ពុជាមានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការប្រើប្រាស់បេតុងអាម៉េ និងបេតុងផ្សេងៗទៀត នៅក្នុងការឌីសាញអគារ (Uses of Reinforced Concrete, Prestressed Concrete and Post-Tensioned Concrete in the Building Structural Designs)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា និង មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ទីប្រឹក្សា លោក លោកស្រី អ្នកនាងកញ្ញា និងមន្រ្តី នៃអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាវិស្វករ ចុះបញ្ជីសរុបចំនួន ២១៦នាក់ ក្នុងនោះស្រី០៩នាក់។
លោកជំទាវ ខ្វៃ សុភាព អគ្គលេខាធិការរងគណៈវិស្វករកម្ពុជាទទួលបន្ទុកផ្នែកអប់រំ និងបណ្តុះបណ្តាលបានលើកឡើងថាធនធានមនុស្ស វិស្វករ កម្លាំងពលកម្ម គំនិតច្នៃប្រឌិតថ្មីៗ និងនវានវត្តន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យា គឺជាកត្តាចម្បងដែលយើងកំពុងត្រូវការជាចាំបាច់នាពេលបច្ចុប្បន្ន ហើយធនធានវិស្វករជាតិ ជាកត្តាលីករ ដ៏សំខាន់មួយក្នុងការអភិវឌ្ឃប្រទេស ដោយមានការចូលរួមចំណែកយ៉ាងសកម្មពីបណ្តាប្រជាពលរដ្ឋទូទៅ វិស័យឯកជន និងរាជរដ្ឋាភិបាល។
ថ្លែងក្នុងពិធីបើកវគ្កបណ្តុះបណ្តាលនេះដែរ ឯកឧត្តមអគ្គលេខាធិការគណៈវិស្វករកម្ពុជាបានលើកឡើងថាបទពិសោធន៍ការងារល្អៗ របកគំហើញនិងបច្ចេកវិទ្យាថ្មីៗរបស់វាគ្មិនដែលមានចំណេះដឹងខ្ពស់ និងបទពិសោធន៍ល្អនឹងត្រូវធ្វើបទបង្ហាញដូចខាងក្រោម៖
១.សំណង់បេតុងប្រេកុងត្រាំងផល្លិតស្រាប់ (Precast Concrete Construction)
២.សំណង់បេតុងប៉ុសកុងត្រាំង (Post-Tensioned Concrete Construction)
៣.ការត្រួតពិនិត្យ វាយតម្លៃ និងពង្រឹងគុណភាពគ្រឿងផ្គុំបេតុង (Inspection, Evaluation and Strengthening of Concrete Structures)
៤.ការវាយតម្លៃ និងតាមដានស្ថានភាពគ្រឿងផ្គុំរបស់អគារ (Building Structural Health Evaluation and Monitoring)
ចុងបញ្ចប់ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថាវគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការរួមចំណែកធានាឧត្តមប្រយោជន៍ដល់វិស្វករ ក្នុងគោលបំណងលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ សុចរិតភាព និងការទទួលខុសត្រូវរបស់វិស្វករក្នុងការប្រកបវិជ្ជាជីវៈវិស្វកម្ម ដើម្បីធានាបាននូវសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពការងារ ព្រមទាំងការការពារនូវផលប្រយោជន៍សាធារណៈ។