សូមអញ្ជើញចូលមើលខ្លឹមសារលម្អិតស្តីពី គោលការណ៍ការធ្វើអធិការកិច្ច របស់ក្រុមការងារអធិការកិច្ចនៃគណៈវិស្វករកម្ពុជា សហការជាមួយក្រុមអធិការកិច្ចរបស់អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលិខិតបង្គាប់ការលេខ ១០២/១៩ ក.ប/ល.ប.អ.ធ.ក/ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩

គណៈ​វិស្វករ​កម្ពុជា​អំពាវនាវ​ឲ្យ​វិស្វករ​ខ្មែរ​និង​បរទេស​រួសរាន់​មក​ចុះបញ្ជី​ឲ្យ​បាន​គ្រប់ៗ​គ្នា​

ថ្ងៃអង្គារ, ១១ ខែមិថុនា, ឆ្នាំ ២០១៩

ភ្នំពេញ​ ៖ លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​គណៈ​វិស្វករ​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​វិស្វករ​ខ្មែរ និង​វិស្វករ​បរទេស​ទាំងអស់ ដែល​បម្រើការ​នៅ​កម្ពុជា​រួសរាន់​មក​ចុះបញ្ជី​ជាមួយ​គណៈ​វិស្វករ​កម្ពុជា​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ ខណៈ​បច្ចុប្បន្ន​នេះ​មាន​វិស្វករ​មក​ចុះបញ្ជី​នៅមាន​ចំនួន​តិចតួច​នៅឡើយ។

ថ្លែង​ក្រោយ​ប្រកាស​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០១៨ របស់​គណៈ​វិស្វករ​កម្ពុជា ក្នុង​អាណត្តិ​ទី​២ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០១៨ នៅ​ទីស្ដីការក្រសួង​ការងារ​លោក​បណ្ឌិត​អ៊ិត ​សំហេង ​បាន​បន្ត​ថា ​វិស្វករ​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា​មានគុណ​ប្រយោជន៍​ច្រើន​ដូចជា ទទួលបាន​នូវ​ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ជំនាញ​បន្ថែម ដែល​គណៈ​វិស្វករ​កម្ពុជា​រៀបចំឡើង​តាម​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លី រយៈពេល​វែង​និង​តាម​សិក្ខាសាលា​នានា​។ មាន​សិទ្ធិ​ដាក់​បេក្ខភាព​របស់ខ្លួន​សម្រាប់​ទទួល​គោរមងារ​ជា​វិស្វករ​អាជីព​ជាតិ និង​វិស្វករ​អន្តរជាតិ ក្នុង​តំបន់​អាស៊ាន​។ មាន​សិទ្ធិ​បើក​ក្រុមហ៊ុន​ស្របច្បាប់​ពេល​ទទួល​គោរមងារ​ជា​វិស្វករ​អាជីព​ជាតិ។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​« មុននឹង​គណៈ​វិស្វករ​កម្ពុជា​ទទួល​ចុះបញ្ជី វិស្វករ​នីមួយៗ​ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ និង​វាយតម្លៃ​ផ្នែក​គុណ​វុ​ឌ្ឍ ប្រកបដោយ​ភាព​ប្រាកដ​ប្រជា ពី​សំណាក់​គណៈកម្មការ​ជំនាញ​មួយ​របស់​គណៈ​វិស្វករ​កម្ពុជា​។ ដូច្នេះ​នៅពេល​ទទួលបាន​ការចុះ​បញ្ជី​ហើយ សាមី​វិស្វករ​នឹង​ទទួល​បាន​ការ​ទទួលស្គាល់​ជា​សាធារណៈ​ថា ខ្លួន​ពិតជា​មាន​ជំនាញ​ពិតប្រាកដ​ច្បាស់លាស់ និង​មានឱកាស​ការងារ​ច្រើន​»​។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ​គិត​ត្រឹម​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៧ កន្លងទៅ​នេះ​មាន​វិស្វករ​ខ្មែរ និង​បរទេស​ដែល​បាន​មក​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុ​ជា​មាន​ចំនួន​៣០៤៥​នាក់​ក្នុង​នោះ​មាន​វិស្វករ​បរទេស​ដែល​បាន​ចុះបញ្ជី​មានតែ ១៤​នាក់​ប៉ុណ្ណោះ ខណៈ​នៅតាម​ការដ្ឋាន​សំណង់​ខ្ពស់ៗ​មួយចំនួន គេ​សង្កេត​មាន​វិស្វករ​បរទេស​មាន​ចំនួន​ច្រើន​។

ឆ្លើយតប​នឹង​បញ្ហា​នេះ​លោក​បណ្ឌិត​អ៊ិត ​សំហេង ​បាន​បញ្ជាក់​ថា គណៈ​វិស្វករ​កម្ពុជា នឹង​រៀបចំ​បទប្បញ្ញត្តិ​មួយ​ចំនួន​ទៀត សម្រាប់​វិស្វករ​បរទេស​ដែល​ចង់​បម្រើ​ការងារ​នៅ​កម្ពុជា ពោល​ពួកគេ​ត្រូវ​បំពេញ​បែបបទ ឲ្យ​បាន​ត្រឹមត្រូវ មុននឹង​គ្រឹះស្ថាន​នានា​ទទួល​ពួកគេ​ឲ្យ​ចូល​ធ្វើ​ការ ដើម្បី​ធានាបាន​សុវត្ថិភាព និង​គុណភាព​នៃ​ការដ្ឋាន​សំណង់​នៅ​កម្ពុជា​។

លោក លឹម សុ​ថាវ អគ្គលេខាធិការ​គណៈ​វិស្វករ​កម្ពុជា​មានប្រសាសន៍​ថា​ គណៈ​វិស្វករ​កម្ពុ​ជា​មាន​តួនាទី​ប្រមូល​ផ្តុំ​និង​គ្រប់គ្រង​វិស្វករ​ទូទាំង​ប្រទេស​ក្នុង​គោលបំណង​បណ្តុះបណ្តាល​បន្ត​ពង្រឹងពង្រីក​សមត្ថភាព​បច្ចេកទេស ស្របតាម​កាលៈទេសៈ​នៃ​វិទ្យាសាស្ត្រ​បច្ចេកទេស​ជឿនលឿន​នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ដើម្បី​ធានា​គុណភាព​វិស្វកម្ម​របស់​វិស្វករ​ជាតិ​ដែល​ប្រកបការងារ​នៃ​សេវា​វិស្វកម្ម​នេះ​។

​លោក​បាន​បន្ត​ថា​ ក្នុង​គោលបំណង​មួយទៀត គណៈ​វិស្វករ​កម្ពុជា​ត្រូវធ្វើ​កិច្ចសហប្រតិបត្តិការ​រវាង​វិស្វករ​ថ្នាក់​ជាតិ និង​វិស្វករ​អន្តរជាតិ ជាពិសេស​ជាមួយ​បណ្តា​ប្រទេស​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេ​យ៍​(​អាស៊ាន​) ដែលមាន​តំណាង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​បាន​ចុះ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​១០ ក្នុង​តំបន់​អាស៊ាន​ទទួល​ស្គាល់គ្នា​ទៅវិញទៅមក​លើ​សេវាកម្ម​វិស្វកម្ម​កាលពី​ឆ្នាំ​២០០៥ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​មា​ឡេ​ស៊ី​។

លោក​បាន​បន្ថែម​ថា ​គណៈ​វិស្វករ​កម្ពុ​ជា​មាន​ទំនាក់​ទំនងជា​ចាំបាច់​មួយទៀត ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ក្នុងការ​បញ្ជូន​បេក្ខភាព​វិស្វករ​ជាតិ​យើង​ដើម្បី​សុំ​ធ្វើការ​វាយតម្លៃ​ទទួល​គោរមងារ​ជា​វិស្វករ​អាជីព​ឆ្នើម​អាស៊ាន ដែល អាច​ចូល​ទៅ​ប្រកួតប្រជែង​ការងារ​ពលកម្ម​វិស្វកម្ម​នៅក្នុង​ប្រទេស​ទាំង​១០​ក្នុង​តំបន់​អាស៊ាន​បាន​៕

0 Comments