សូមអញ្ជើញចូលមើលខ្លឹមសារលម្អិតស្តីពី គោលការណ៍ការធ្វើអធិការកិច្ច របស់ក្រុមការងារអធិការកិច្ចនៃគណៈវិស្វករកម្ពុជា សហការជាមួយក្រុមអធិការកិច្ចរបស់អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលិខិតបង្គាប់ការលេខ ១០២/១៩ ក.ប/ល.ប.អ.ធ.ក/ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលគណៈវិស្វករកម្ពុជាបានអំពាវនាវឲ្យវិស្វករខ្មែរ និងវិស្វករបរទេសទាំងអស់ ដែលបម្រើការនៅកម្ពុជារួសរាន់មកចុះបញ្ជីជាមួយគណៈវិស្វករកម្ពុជាដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន ខណៈបច្ចុប្បន្ននេះមានវិស្វករមកចុះបញ្ជីនៅមានចំនួនតិចតួចនៅឡើយ។
ថ្លែងក្រោយប្រកាសបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងលើកទិសដៅការងារ ឆ្នាំ២០១៨ របស់គណៈវិស្វករកម្ពុជា ក្នុងអាណត្តិទី២ កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារលោកបណ្ឌិតអ៊ិត សំហេង បានបន្តថា វិស្វករចុះបញ្ជីនៅគណៈវិស្វករកម្ពុជាមានគុណប្រយោជន៍ច្រើនដូចជា ទទួលបាននូវការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញបន្ថែម ដែលគណៈវិស្វករកម្ពុជារៀបចំឡើងតាមវគ្គបណ្តុះបណ្តាលរយៈពេលខ្លី រយៈពេលវែងនិងតាមសិក្ខាសាលានានា។ មានសិទ្ធិដាក់បេក្ខភាពរបស់ខ្លួនសម្រាប់ទទួលគោរមងារជាវិស្វករអាជីពជាតិ និងវិស្វករអន្តរជាតិ ក្នុងតំបន់អាស៊ាន។ មានសិទ្ធិបើកក្រុមហ៊ុនស្របច្បាប់ពេលទទួលគោរមងារជាវិស្វករអាជីពជាតិ។
លោករដ្ឋមន្ត្រីបានបន្ថែមថា « មុននឹងគណៈវិស្វករកម្ពុជាទទួលចុះបញ្ជី វិស្វករនីមួយៗត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃផ្នែកគុណវុឌ្ឍ ប្រកបដោយភាពប្រាកដប្រជា ពីសំណាក់គណៈកម្មការជំនាញមួយរបស់គណៈវិស្វករកម្ពុជា។ ដូច្នេះនៅពេលទទួលបានការចុះបញ្ជីហើយ សាមីវិស្វករនឹងទទួលបានការទទួលស្គាល់ជាសាធារណៈថា ខ្លួនពិតជាមានជំនាញពិតប្រាកដច្បាស់លាស់ និងមានឱកាសការងារច្រើន»។
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា គិតត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៧ កន្លងទៅនេះមានវិស្វករខ្មែរ និងបរទេសដែលបានមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជាមានចំនួន៣០៤៥នាក់ក្នុងនោះមានវិស្វករបរទេសដែលបានចុះបញ្ជីមានតែ ១៤នាក់ប៉ុណ្ណោះ ខណៈនៅតាមការដ្ឋានសំណង់ខ្ពស់ៗមួយចំនួន គេសង្កេតមានវិស្វករបរទេសមានចំនួនច្រើន។
ឆ្លើយតបនឹងបញ្ហានេះលោកបណ្ឌិតអ៊ិត សំហេង បានបញ្ជាក់ថា គណៈវិស្វករកម្ពុជា នឹងរៀបចំបទប្បញ្ញត្តិមួយចំនួនទៀត សម្រាប់វិស្វករបរទេសដែលចង់បម្រើការងារនៅកម្ពុជា ពោលពួកគេត្រូវបំពេញបែបបទ ឲ្យបានត្រឹមត្រូវ មុននឹងគ្រឹះស្ថាននានាទទួលពួកគេឲ្យចូលធ្វើការ ដើម្បីធានាបានសុវត្ថិភាព និងគុណភាពនៃការដ្ឋានសំណង់នៅកម្ពុជា។
លោក លឹម សុថាវ អគ្គលេខាធិការគណៈវិស្វករកម្ពុជាមានប្រសាសន៍ថា គណៈវិស្វករកម្ពុជាមានតួនាទីប្រមូលផ្តុំនិងគ្រប់គ្រងវិស្វករទូទាំងប្រទេសក្នុងគោលបំណងបណ្តុះបណ្តាលបន្តពង្រឹងពង្រីកសមត្ថភាពបច្ចេកទេស ស្របតាមកាលៈទេសៈនៃវិទ្យាសាស្ត្របច្ចេកទេសជឿនលឿននាពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីធានាគុណភាពវិស្វកម្មរបស់វិស្វករជាតិដែលប្រកបការងារនៃសេវាវិស្វកម្មនេះ។
លោកបានបន្តថា ក្នុងគោលបំណងមួយទៀត គណៈវិស្វករកម្ពុជាត្រូវធ្វើកិច្ចសហប្រតិបត្តិការរវាងវិស្វករថ្នាក់ជាតិ និងវិស្វករអន្តរជាតិ ជាពិសេសជាមួយបណ្តាប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ដែលមានតំណាងនៃព្រះរាជាណាចក្រកម្ពុជាយើងបានចុះកិច្ចព្រមព្រៀងរវាងប្រទេសទាំង១០ ក្នុងតំបន់អាស៊ានទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាកម្មវិស្វកម្មកាលពីឆ្នាំ២០០៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសមាឡេស៊ី។
លោកបានបន្ថែមថា គណៈវិស្វករកម្ពុជាមានទំនាក់ទំនងជាចាំបាច់មួយទៀត ជាមួយបណ្តាប្រទេសអាស៊ានក្នុងការបញ្ជូនបេក្ខភាពវិស្វករជាតិយើងដើម្បីសុំធ្វើការវាយតម្លៃទទួលគោរមងារជាវិស្វករអាជីពឆ្នើមអាស៊ាន ដែល អាចចូលទៅប្រកួតប្រជែងការងារពលកម្មវិស្វកម្មនៅក្នុងប្រទេសទាំង១០ក្នុងតំបន់អាស៊ានបាន៕