សូមអញ្ជើញចូលមើលខ្លឹមសារលម្អិតស្តីពី គោលការណ៍ការធ្វើអធិការកិច្ច របស់ក្រុមការងារអធិការកិច្ចនៃគណៈវិស្វករកម្ពុជា សហការជាមួយក្រុមអធិការកិច្ចរបស់អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលិខិតបង្គាប់ការលេខ ១០២/១៩ ក.ប/ល.ប.អ.ធ.ក/ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩
ការសិក្សារបស់អង្កការជប៉ុន JICA ដែលធ្វើការនៅកម្ពុជា កាលពីពេលថ្មីៗនេះ ចាប់ពីឆ្នាំ២០១៨-២០២០ កម្ពុជាត្រូវមានកម្លាំងវិស្វករប្រមាណ ៣៥,០០០នាក់ សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ និងអចលនទ្រព្យក្នុងប្រទេសខ្លួន។
នេះជាការលើកឡើងរបស់លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ក្នុងឱកាសបិទសិក្ខាសាលាស្តីអំពី ចល័តភាព និងការទទួលស្គាល់គុណភាពវិស្វករជាអន្តរជាតិ ទីនៅស្ដីការក្រសួងការងារ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។
លោកបានថ្លែងថា អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា បានចុះបញ្ជីវិស្វករលើមុខជំនាញវិជ្ជាជីវៈវិស្វកម្ម បានចំនួន ៣,១៥៩នាក់ គិតត្រឹមឆ្នាំ២០១៨។
លោកថ្លែងយ៉ាងដូច្នេះថា «យោងតាមការសិក្សារបស់អង្គការ JICA កាលពីពេលថ្មីៗនេះ ចំនួនខាងលើនេះ មិនទាន់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅឡើយទេ ពីព្រោះចាប់ពីឆ្នាំ២០១៨-២០២០មក កម្ពុជាត្រូវមានកម្លាំងវិស្វករប្រមាណជា ៣៥,០០០នាក់ សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្មទេសចរណ៍ និងអចលនទ្រព្យ»។
អនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជារូបនេះ បានអំពាវនាវឱ្យវិស្វករ ដែលកំពុងបម្រើការងារនៅតាមស្ថាប័នរដ្ឋ ត្រូវមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ដើម្បីទទួលបានងារជាវិស្វករចុះបញ្ជីដំបូង វិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ឱ្យមានលក្ខណៈស្មើមុខមាត់នឹងវិស្វករទាំងក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក។ វិស្វករជាតិនៅក្នុងវិស័យឯកជន ក៏ត្រូវមកចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា ដើម្បីបំពេញភាពស្របច្បាប់ក្នុងការប្រកបមុខរបររបស់ខ្លួនដែរ។